ក្រុមហ៊ុន ខាំផែន (ថ្នាំពណ៌ជាតិ) ជាក្រុមហ៊ុនផលិតថ្នាំពណ៌ របស់ខ្មែរដែលចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ក្នុងឆ្នាំ២០០៤ បើគិតមកដល់ពេលបច្ចុប្បន្នមានអាយុកាលជាង១៣ឆ្នាំមកហើយ។

ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនយើងបានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណដល់ អតិថិជន របស់យើងនៅគ្រប់ខេត្តក្រុងទូទាំងប្រទេសជារៀងរាល់ឆ្នាំ ហើយនៅក្នុងកម្មវិធីនីមួយៗ មានអតិថិជនមួយចំនួនចង់ចូលរួមជាថវិការមកក្រុមហ៊ុនសម្រាប់ជួយទូទាត់ចំណាយ តែក្រុមហ៊ុនមិនមានបំណងទទួលពីពួកគាត់ទេ ដូច្នេះយើងក៏បានគិតដល់ការបង្កើតជាមូលនិធិរួមគ្នារវាងក្រុមហ៊ុនជាមួយអតិថិជនរបស់យើង ដើម្បីបរិច្ចាគជូនដល់សង្គមតាម     រយៈអង្គការ ឬ សមាគមន៍នានា ។ ជាក់ស្តែងកាលពីឆ្នាំ ២០១៥ និង ឆ្នាំ២០១៦ កន្លងមកនេះ យើងបានយកទឹកប្រាក់ពីមូលនិធិទៅបរិច្ចាគជូនដល់អង្គការដើម្បីភាពញញឹមនៃកុមារ(PSE) ដើម្បីជួយឧបត្ថម្ភដល់ការសិក្សារបស់កុមារក្រីក្រនៅក្នុងអង្គការនេះ ហើយនៅឆ្នាំនេះយើងក៏នៅតែរំលែកថវិការមួយចំនួនពីមូលនិធិទៅអោយអង្គការនេះបន្តទៀតដែរ។

ដោយឡែកដោយសារកាលពីឆ្នាំមុន មានមន្ត្រីផ្នែកទំនាក់ទំនងរបស់មន្ទីរពេទ្យកុមារអង្គរ​ បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនខាំ-ផែនរបស់យើង ហើយបានបង្ហាញឱ្យយើងបានយល់ច្បាស់ពីសកម្មភាពល្អៗជាច្រើនដែលមន្ទីរពេទ្យនេះបានធ្វើដូចជា ការជួយព្យាបាលដោយមិនគិតកម្រៃដល់កុមារក្រីក្ររាប់រយពាន់នាក់ក្នុងមួយឆ្នាំៗ   ការផ្តល់សេវាថែទាំសុខភាពតាមភូមិ និងបណ្តុះបណ្តាលលើការថែទាំសុខភាពដល់ប្រជាពលរដ្ឋ។ល។

បើពុំមានវត្តមានរបស់មន្ទីរពេទ្យនេះទេ យើងមិនដឹងថាវាសនារបស់ក្មេងក្នុងគ្រួសារដែលពុំមានលទ្ធភាពនាំកូនទៅព្យាបាលនៅតាមមន្ទីរពេទ្យឯកជនរាប់ម៊ឺននាក់នោះ នឹងត្រូវជួបប្រទះផលលំបាកយ៉ាងណានោះទេ។​ ដោយហេតុនេះ ទើបឆ្នាំនេះ ក្រុមហ៊ុនខាំ-ផែន និងអតិថិជនទាំងអស់របស់យើង សម្រេចចិត្តថាត្រូវតែយកថវិការមួយចំនួនធំ មកបរិច្ចាកជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ហើយនឹងនៅបន្តជួយទៅឆ្នាំខាងមុខៗទៀត។

ថ្វីត្បិតតែចំនួនទឹកប្រាក់នេះវាជាចំនួនដ៏តិចតួច បើធៀបទៅនឹងតម្រូវការចំណាយរបស់មន្ទីរពេទ្យនេះ តែវាជាការឆ្លុះបញ្ចាំងពីទឹកចិត្តរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងអតិថិជនទំាងអស់របស់ក្រុមហ៊ុនខាំ-ផែន ក្នុងការលះបង់ដើម្បីចូលរួមចំណែកក្នុងសង្គមជាតិ  ហើយយើងក៏ចង់ធ្វើវាឱ្យក្លាយជាគំរូ ឬវប្បធម៌មួយសម្រាប់សហគ្រាសអាជីវកម្មដ៏ទៀតក្នុងប្រទេសកម្ពុជាយើងផងដែរ។